Monday 22 August 2022


ខ្ញុំមួយ ចៅហ្វាយពីរ

 

[Synopsis: Philosopher George Santayana says, “Those who cannot remember the past are condemned to repeat it.” (1905). Khmer leaders post-Angkor have been condemned to repeat again and again a bitter history that has been continuing to shrink Cambodia and Khmerness. They call upon foreign powers to help them fight internal struggles for power. And for three times in the 500-year history, Cambodia even becomes a vassal state of two foreign masters simultaneously. The current Hun Sen regime has committed the act for the fourth time.]

 

ទស្សនវិទូជាតិអេស្បាញឈ្មោះ ជោចសាន់តាយ៉ាណា (George Santayana) បានពោលថា ពួកអ្នកដែលមិនអាចចងចាំអតីតកាល នឹងត្រូវផ្តន្ទាអោយប្រព្រឹត្តដដែលឡើងវិញទៀត។

យោលទៅតាមប្រវត្តិសាស្រ្ត ពួកអ្នកដឹកនាំខ្មែរក្រោយសម័យអង្គរហាក់ដូចជាបានលះបង់សមត្ថភាពគេសំរាប់រៀនសូត្រនិងចងចាំអតីតកាល។ គេនាំគ្នាជាន់ដានចាស់ក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលបានបំផ្លាញសារជាតិខ្មែរប្រមាណ៥០០រយឆ្នាំកន្លងមកនេះ។

គេបានវាយប្រហារគ្នា ដណ្តើមអំណាចឥតឈប់ឈរ។ យុទ្ធសាស្រ្តដែលគេប្រើមានតែមួយក្បាច់ គឺពឹងពាក់បរទេសអោយចូលមកជួយវាយប្រហារខ្មែរគ្នាអែង រួចហើយដាក់ស្រុកជាចំណុះបរទេស ដើម្បីជាការសងគុណ។ នៅចុងសតវត្សទី១៨ ខ្មែរចាប់ផ្តើមបំរើចៅហ្វាយពីរ ក្នុងពេលតែមួយ។ ព្រះបាទអង្គអេងបានឡើងសោយរាជ្យក្នុងឆ្នាំ១៧៩៤ ដោយទៅទទួលម្កុដរាជខ្មែរពីក្រុងបាងកក ហើយបញ្ជូនសួយសារអាករ ទៅថ្វាយព្រះចៅយួន។

ម្តងទៀត ក្នុងឆ្នាំ១៨៤៧ ព្រះបាទអង្គឌួងបានឡើងសោយរាជ្យ ក្រោមការអនុញ្ញតិពីសំណាក់សៀមនិងយួន។ ពេលនោះ សៀមបានបន្តការគ្រប់គ្រង់ដំបន់ខាងជើងនៃកម្ពុជា យួនកាន់កាប់ភូមិភាគខាងត្បូង។ ខ្មែរ មានចៅហ្វាយពីរដំណាលគ្នាជាលើកទីបី នៅពេលដែលព្រះបាទនរោត្តមទទួលសុំយកអាណានិគមបារាំងមកកាន់កាប់ស្រុក ហើយឡើងសោយរាជ្យក្នុងឆ្នាំ១៨៦៤ ជាមួយនិងការប្រកាសទទួលគោរពសិទ្ធិអំណាចរបស់ព្រះចៅក្រុងសៀមមកលើកម្ពុជា។

អីឡូវ របបហ៊ុនសែនដើរជាន់ដានភក់ជ្រាំបែបនេះជាលើកទីបួន។ ម្តងនេះ មានលំនាំខុសពីពេលមុនៗបន្តិច ត្រង់ថាបរទេសដែលអាចជាន់ឈ្លីអធិបតេយ្យភាពខ្មែរនោះគឺចិននិងវៀតណាម ថ្វីបើរបបនេះតែងតែអះអាងថាគេមិនអោយបរទេសណារំលោភលើកអធិបតេយ្យភាព យ៉ាងណាក៏ដោយ។ គេទន្ទេញចាំមាត់អំពីការជំពាក់គុណវៀតណាមនិងចិន រាប់ពាន់ឆ្នាំ។ ផ្សេង-ផ្សេង បានវែកញែកបង្ហាញភស្តុតាងជាច្រើនហូរហែមកហើយថា របបនេះមានបរទេសនៅទ្រទ្រង់ ហើយរបបនេះក៏បានទាំងសារភាពជាញឹកញយដែរថា គេត្រូវការវៀតណាមនិងចិននៅពីក្រោយរហូត។ របបនេះអះអាងថា គេនៅតែរក្សាឯករាជភាព ហាក់ដូចជាចៅហ្វាយទាំងពីរមិនទាមទារ អោយមានការសងគុណបែបណាមួយទាល់តែសោះ។ មានតែអ្នកគ្មានវិញ្ញាណមិនដឹងប្រវត្តិសាស្រ្តទេ ដែលជឿថាគ្មានការសងគុណបែបដែលធ្វើអោយខ្មែរខាតបង់ធ្ងន់ធ្ងរ។

ក្នុងពេលថ្មីៗនេះ របបហ៊ុនសែនច្បាស់ជាបានទទួលការយល់ព្រមពីក្រុងហាណូយអំពីការស្នងដំណែងនាយករដ្ឋមន្រ្តីខ្មែរបន្តពីលោកហ៊ុនសែន ប្រសិនបើទស្សនកិច្ចរបស់ឧត្តមសេនីយហ៊ុនម៉ាណែតក្នុងប្រទេសវៀតណាមកាលពីដើមខែសីហានេះ ជាការសាកល្បងវាស់ប្រតិកម្មវៀតណាមទៅលើការស្នងអំណាចខ្មែរនេះ។ ពួកអ្នកដឹកនាំជាន់ខ្ពស់វៀតណាមនាំគ្នាមកអបអរសាទរស្វាគមលោកហ៊ុនម៉ាណែតយ៉ាងកក់ក្តៅចំនួនបីថ្ងៃ។ គេបង្ហាញការពេញចិត្តយល់ព្រមទទួលយកការអះអាងរបស់អនាគតមេដឹកនាំខ្មែរ ដែលបានប្រកាសសន្យាពង្រឹងសហការជានិរន្ត ជាមួយវៀតណាម ជាពិសេស ក្នុងវិស្ស័យយោធានិងយុវជន។

ក្រៅពីនេះ ចិនក៏បានប្រកាសយល់ព្រមទទួលស្គាល់លោកហ៊ុនម៉ាណែតជាអានាគតមេដឹកនាំខ្មែរដែរ។ រដ្ឋមន្រ្តីការបរទេសចិន វ៉ាងយី និយាយថា លោកហ៊ុនម៉ាណែតជាគន្លឹះដ៏សំខាន់សំរាប់ទំនាក់ទំនងអានាគតចិន-ខ្មែរ។ លោកវ៉ាងយីបន្ថែមថា ចិនគាំទ្រនយោបាយផ្ទៃក្នុងនិងការបរទេសរបស់របបហ៊ុនសែន ជានិច្ច។

សំដីទាំងនេះ គឺជាការបំពានទាំងស្រុងទៅលើអធិបតេយ្យភាពខ្មែរ។ ចំពោះប្រទេសពីរដែលគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក អ្នកកាន់អំណាចស្រុកមួយរង់ចាំតែធ្វើការជាមួយអ្នកកាន់អំណាចស្រុកមួយទៀត។ គេមិនដែលសំដែងការគាំទ្រ រឺមិនគាំទ្រ អ្នកដឹកនាំជាគូភាគីណាម្នាក់ ជាពិសេសអ្នកដឹកនាំអានាគតនោះឡើយ។ គេក៏មិនដែលធ្វើអត្ថាធិប្បាយ រឺវិនិច្ឆ័យអ្វីណាមួយទៅលើកិច្ចការផ្ទៃក្នុងរបស់ដៃគូដែលគេគោរពនោះដែរ។ មានតែសហការបែបចៅហ្វាយនាយនិងខ្ញុំបំរើទេ ដែលចៅហ្វាយនាយលូកដៃកកូរកកាយផ្ទៃក្នុងរបស់ប្រទេសជារណប។

បញ្ហាដែលគេគិតមិនលេចនោះគឺ ហេតុអ្វីបានជា របបហ៊ុនសែនពុំមានសមត្ថភាពរៀនសូត្រខ្លះអំពីប្រវត្តិសាស្រ្តដ៏ជូរចត់ ដើម្បីជៀសវាងដានចាស់ដែលបានធ្វើអោយស្រុកបាត់ទឹកដីនិងខូចខាតសារជាតិខ្មែរយ៉ាងនេះ។ គេអាចចំអកអោយថា ប្រហែលជាពួកអ្នកដឹកនាំខ្មែរចាំដល់ខ្មែរក្លាយជាចាម ទើបគេយល់សំដីព្រមានរបស់ទស្សនវិទូ ជោច សាន់តាយ៉ាណា។៚

អ៊ឹង ប៊ុនអាង

២២សីហា២០២២