Thursday 20 October 2022


 ជំរើសហ៊ុនសែនចុងក្រោយ

 

[Synopsis: Hun Sen rejects a stupa his wife has it built in a pagoda for him; he says this is due to his primitive belief that gangsters’ souls would torment his. He prefers stupa to be at his Ta Khmao residence. This article suggests Hun Sen have three main options for his resting place. He could have his body frozen in a glass coffin and kept at home or at the Win-Win Monument for people to visit. Option 2, he could use taxidermy to preserve his whole body in a lifelike state. The ultimate option is the cryonics, which could allow him to wait for a new development to cure whatever disease he may have that would kill him. However, whatever he wishes for may not come true. Ho Chi Minh, who has wished for a cremation, ends up being frozen and becomes an exhibition item in his own mausoleum for almost fifty years up to now.]



លោកហ៊ុនសែនប្រហែលជាមិនភូតទេ នៅពេលដែលលោកអះអាងថា លោកស្រីប៊ុនរ៉ានី បាន‘លួច’ ទៅសង់ចេតិយមួយ រង់ចាំសំរាប់សពលោក។ គេមិនដឹងអំពីមូលហេតុដែលនាំអោយលោកស្រីចាំបាច់លួចលាក់សង់ចេតិយនេះក្រោយខ្នងប្តីនោះទេ។ ប្រហែលជាលោកស្រីចង់ធ្វើអំណោយជាចុងក្រោយ លេងក្បាច់ពញ្ញាក់ព្រលឹងសព ពេលជូនដំណើរប្តីទៅបរលោកក៏មិនដឹង។ បើមិនដូច្នេះទេ ការលួចធ្វើនេះអាចបង្ហាញអំពីកង្វះការពិគ្រោះគ្នារវាងប្តីប្រពន្ធគូនេះ ស្តីអំពីបុណ្យសព។ ប៉ុន្តែ គេមិនដឹងច្បាស់ថាការខ្វះខាតនេះរាតត្បាតដល់បញ្ហាសំខាន់ៗអែទៀតដែររឺទេ។

គួរកត់សំគាល់ថា ចេតិយដែលជាអំណោយចុងក្រោយនេះមិនមែនជាសំណង់លេងសើចទេ គឺជាវិមានចេតិយតែម្តង។ ព្រលឹងអ្នកដឹកនាំខ្មែរទាំងឡាយពីបរលោក ច្បាស់ជាសុំខ្មាស់។ វិមានចេតិយនេះគ្របដណ្តប់លើទំហំដីដ៏ធំ សំណង់ទាំងមូលស្រោបទៅដោយពណ៌ទឹកមាស ថ្វីបើគេមិនច្បាស់ថាជាសាច់មាសសុទ្ធ រឺក៏ជាថ្នាំលៀប រឺក៏ធាតុទាំងពីរប្រភេទនេះលាយឡំគ្នា តាមដោយកន្លែង។ ធាតុមាសនេះប្រហែលជាមូលហេតុមួយដែលនាំអោយលោកហ៊ុនសែនបារម្ភថាពួកយូកូងអាចទៅគាស់ចេតិយលោក យកមាស។

តើលោកហ៊ុនសែនមានជំរើសអ្វីខ្លះ ក្រោយពីបដិសេធវិមានចេតិយ ក្រៅពីទៅសំរាកអស់កល្បជានិច្ចក្នុងផ្ទះនៅតាខ្មៅជំរើសសំខាន់ៗក្នុងសតវត្ស២១នេះមាន យ៉ាងហោចបី។ ទី១ លោកអាចអោយគេបង្កករូបរាងកាយទាំងមូល ហើយដាក់ក្នុងមឈូសកញ្ចក់ ដូចអ្នកដឹកនាំល្បីៗមួយចំនួន មានជាអាទិ៍ លោកហូជីមិញ ជាដើម។ សពលោកអាចដាក់ដំកល់ក្នុងផ្ទះនៅតាខ្មៅ រឺក៏ក្នុងវិមានឈ្នះ-ឈ្នះ ហើយអោយសាធារណជនចេញចូលទៅមើល។ប្រសិនបើអ្នកចូលមើលត្រូវទិញសំបុត្រ លោកនឹងបានថវិកាជារៀងរហូត អោយត្រកូលហ៊ុន រឺក៏ជាចំណូលរដ្ឋ។ ព្រលឹងលោកនឹងអាចចាំឃ្លាំមើលពួកអ្នកដែលមកសួរសុខទុក្ខលោក ដើម្បីតាមលងអ្នកដែលមិនខ្វល់នឹងលោក។

ប្រសិនបើការបង្កកនេះត្រជាក់ពេក ជំរើសទី២ គឺ គេអាចធ្វើអោយរាងកាយសពនៅប្រហាក់ប្រហែលដូចដើម តាមវិធីសាស្រ្តមួយ ដែលគេហៅថា ថាក់សុីឌឺមុី (taxidermy)។ តាមវិធីនេះ គេរក្សាទុកស្បែកនិងរូបរាងកាយទាំងមូល។ គេយកគ្រឿងក្នុងទាំងអស់ចេញ ហើយដាក់ធាតុសិប្បនិម្មិតទៅជំនួសវិញ។ គេនិយមប្រើវិធីនេះទៅរក្សាទុកសត្វនានា ដែលគេពេញចិត្ត ទុកចង់មើលរហូតជាយូរអង្វែងតទៅ។

ជំរើសទី៣ ជាជំរើសពិសេស សំរាប់អ្នកដែលចង់រង់ចាំរហូតដល់ពេលអ្នកប្រាជ្ញខាងពេទ្យរកឃើញវិធីថ្មី ថ្នាំថ្មី ដើម្បីព្យាបាលជំងឺដែលនឹងអាចផ្តាច់ជីវិតគេ។ មានតែអ្នកមានស្តុមស្តម ដូចលោកហ៊ុនសែនទេ ទើបមានលទ្ធភាពជ្រើសរើសយកជំរើសនេះបាន ដោយសារគេត្រូវការសោហ៊ុយចំណាយច្រើន។ ក្នុងជំរើស ដែលគេហៅថា ក្រាយអូនីក (Cryonics) នេះ គេបង្កករាងកាយទាំងមូល រឺក៏តែក្បាល ក្នុងធាតុត្រជាក់កំរិត ១៨០អង្សារក្រោមសូន្យ។ គោលដៅនោះ គឺការពាររក្សារទុកព័ត៌មាននានា ដែលមានក្នុងខួរក្បាល ហើយគេនឹង’ដាស់’រូបរាងកាយនេះឡើងវិញ នៅពេលគេបានរកឃើញមធ្យោបាយថ្មីៗដែលគេរង់ចាំ ដើម្បីព្យាបាលរោគនោះនោះ។ គេយល់ថាការបង្កកនេះ អាចអោយគេរង់ចាំបានរាប់សិបឆ្នាំ។

លោកហ៊ុនសែនប្រហែលជាចូលចិត្តជំរើសទី៣។ លោកធ្លាប់ថាលោកចង់ធ្វើតានាយករដ្ឋមន្រ្តី។ ជំរើសនេះអាចជួយអោយលោកធ្វើទៅដល់តាទួត តាលួតនាយករដ្ឋមន្រ្តី មិនត្រឹមតានាយករដ្ឋមន្រ្តីនោះឡើយ។ លោកលីក្វានយ៉ូធ្លាប់និយាយថាលោកនឹងតាមឃ្លាំមើលប្រទេសសឹង្ហបូរីរហូត។ លោកថា នាយករដ្ឋមន្រ្តីបន្ទាប់បន្តពីលោកណាមួយធ្វើផ្តេសផ្តាស់ អោយខូចស្រុក លោកនឹងងើបចេញពីផ្នូរ ទៅធាក់អ្នកនោះ។ តើលោកហ៊ុនសែននឹងមានកម្លាំងកាយនឹងចិត្តងើបទាត់កូនចៅលោកដែលធ្វើផ្តេសផ្តាស់ ដែររឺទេ?

ប៉ុន្តែ ពួកដែលនៅរស់ប្រហែលជាមិនធ្វើតាម ចំណង់រឺបណ្តាំលោកហ៊ុនសែនទេ។ លោកហូជីមិញ ដែលជាបិតាជាតិពួកអ្នកមានគុណលើលោកហ៊ុនសែនមួយជាតិ នោះ បានផ្តាំអ្នកដែលនៅរស់អោយយករូបលោកទៅបូជា។ គេបែរជាយករាងកាយលោកទៅបង្កក ហើយតាំងជាពិពណ៌អោយសាធារណជនទៅមើលលេង បានជិត ៥០ ឆ្នាំហើយ មកទៅថ្ងៃនេះ។

អ៊ឹង ប៊ុនអាង

២០ តុលា ២០២២

 


បំភ្លៃលើគោក

តុលាការបារាំងថា លោកសមរង្សុីគ្មានភ័ស្តុតាងដែលបង្ហាញថា លោកហ៊ុនសែនបានប្រព្រឹត្តបទឧក្រិដ្ឋដូចដែលលោកបានថានោះទេ។ លោកហ៊ុនសែនបកស្រាយបំភ្លៃពាក្យនេះថា តុលាការបារាំងថា លោកមិនបានប្រព្រឹត្តបទឧក្រិដ្ឋ ដូចគេចោទឡើយ។ ការពិត ករណីតុលាការបារាំងនេះគ្រាន់តែមានន័យថា លោកហ៊ុនសែនពូកែលាក់ភ័ស្តុតាង រឺក៏ថា លោកសមរង្សុីគ្មានសមត្ថភាពប្រមូលភ័ស្តុតាងអ្វីដែលគេអាចយកជាការបាន ក្រៅពីអត្ថបទកាសែតនានាដែលគ្មានតម្លែជាភ័ស្តុតាង។

 

Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com