Wednesday, 22 June 2022


ភូមាអោយលោកហ៊ុនសែនភ្លក់ថ្នាំខ្លួនឯង

 

«ឥឡូវមានតែអ៊ីចឹង!  បើថា គេមិនចង់ធ្វើ យើងក៏មិនចង់ព្រួយហ្នឹងហត់ ព្រោះឥឡូវយកគោទៅដាក់មុខរទេះ ឥឡូវធ្វើម៉េចទៅមុខរួច។ ក៏ប៉ុន្តែ សុំបញ្ជាក់ណា នៅសល់តែ ១០ខែ ថ្ងៃនេះ ១៦ សល់តែ ១០ខែ ១៤ថ្ងៃ ទៀតទេវ៉ើយ! ចប់ ភារៈកិច្ច ហើយ ។ សូមអញ្ជើញប្រធានក្រោយធ្វើទៅ។ បើវាពិបាកពេក វាពិបាកពេក។»

នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វិទ្យុអាស៊ីសេរី

 

តើលោកហ៊ុនសែនមានអារម្មណ៍បែបណាដែរ ក្រោយពេលដែលភូមាបានទាត់ចោលសំណើរលោកជាលើកទីពីរថ្មីៗនេះ លោកបានស្នើសុំអោយភូមាលះបង់គំរោងប្រហារជីវិតសមាជិកក្រុមប្រឆាំង៦រូប។ លើកមុន ភូមាបានបដិសេធលោកហ៊ុនសែនម្តងរួចទៅហើយ នៅពេលដែលប្រធានអាស៊ានផ្លាស់វេនថ្មីនេះសុំភូមាអោយទទួលយកលក្ខខណ្ឌអាស៊ាន ដើម្បីចូលជារួមក្នុងគ្រួសារអាស៊ានដោយពេញមុខមាត់ឡើងវិញ។ យោងទៅតាមចំឡើយរបស់ពួកយោធានេះ ភូមាពុំបានយោគយល់ អោយដំលៃអ្វីសោះ ទៅលោកហ៊ុនសែន ដែលបានខំយ៉ាងសស្រាក់សស្រាំ កាលដើមខែមករាមុននេះ ទៅជួបមេដឹកនាំយោធាភូមាភ្លាម ក្រោយពីបានឡើងអង្គុយលើកៅអីប្រធានអាស៊ានមិនទាន់ទាំងបានក្ដៅគូថផង។ លោកហ៊ុនសែនខកចិត្តមិនតិច។ 

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺមូលហេតុដែលយោធាភូមាបានលើកមកពន្យល់អំពីការបដិសេធសំណើរលោកហ៊ុនសែនលើកទីពីរនេះ។ គេថាគេគ្រាន់តែគោរពតាមច្បាប់ដែលមានតែប៉ុណ្ណោះ។ គឺសុទ្ធតែពួកគោរពច្បាប់យ៉ាងក្រៃលែង។

លោកហ៊ុនសែនប្រហែលជាមិនភ្ញាក់ផ្អើលអីទេ ពេលឮចំឡើយ រឺលេសបែបនេះ ពីព្រោះលោកក៏បានប្រើប្រាស់យកលេសបែបនេះជានិច្ច ក្នុងការឆ្លើយតប បដិសេធសំណូមពរទាំងឡាយ ដែលសុំលោកអោយដោះលែងសកម្មជននយោបាយប្រឆាំង ដែលលោកចាប់បញ្ជូនទៅអោយតុលាការធ្វើទុក្ខបុកម្នេញ។

អ្វីដែលមិនច្បាស់នោះគឺ តើលោកហ៊ុនសែនតូចចិត្ត រឺក៏ពេញចិត្ត នៅពេលដែលមានគេចេះប្រើក្បួនផ្តាច់ការនេះដែរតើលោកហ៊ុនសែនយល់យ៉ាងម៉េច ចំពោះការដែលយោធាភូមាហុចថ្នាំនេះអោយលោកភ្លក់?

យោធាភូមាប្រហែលជាលាក់ទុកក្បាច់លោកហ៊ុនសែនពីរទៀត សំរាប់ពេលក្រោយ។ ទីមួយ គឺតុលាការគេឯករាជ្យ មិនធ្វើតាមបញ្ជាអ្នកណាទេ។ ទីពីរ គឺពួកបរទេសគ្មានសិទ្ធិអំណាចមកលូកលាន់បញ្ហាផ្ទៃក្នុងរបស់ស្រុកណាមួយឡើយ។

តើលោកហ៊ុនសែនចង់ភ្លក់ថ្នាំរបស់ពីរមុខទៀតរបស់លោកដែររឺទេប្រសិនបើលោកមិនស្ពឹកមុខដោយសារបរាជ័យពីរលើកមកហើយនោះទេ លោកនឹងបន្តការស្នើប្រឆាំងទៅភូមាទៀត។ ក្នុងករណីនេះ លោកមានលទ្ធភាពទទួលបានផលប្រយោជន៍ពីរបែប។ ទីមួយ ជាប្រយោជន៍លេចចេញពីអំពើផ្គាប់ចិត្តសមាជិកអាស៊ានដ៏មានឥទ្ធិពលមួយចំនួនដែលទាស់ចិត្តនឹងនយោបាយរដ្ឋប្រហាររបស់យោធាភូមា។ ទីពីរ លោកហ៊ុនសែនអាចសុីជោរ ដោយសារភូមាប្រើយុទ្ធសាស្រ្តលោក ទៅបង្ក្រាបក្រុមប្រឆាំងក្នុងស្រុក។ គេថា ការយកតម្រាប់តាមអ្នកណាម្នាក់គឺជាការបញ្ជោរអ្នកនោះ ដ៏ប្រសើរបំផុត។ ពួកសុីជោរពេញចិត្តណាស់។

ប៉ុន្តែ លោកហ៊ុនសែនប្រហែលជាត្រូវស្ពឹកមុខ។ ក្រោយពីបរាជ័យលើកទីមួយក្នុងខែមករា លោកខកចិត្តយ៉ាងខ្លាំង។ លោកទ្រាំស្ទើរមិនបាន ក្នុងការរង់ចាំអោយអាណត្តិប្រធានអាស៊ានឆ្នាំ២០២២នេះអោយចប់ស្រួលបួលមិនទាន់។ រង្វាន់លួងចិត្តពីដំណែងប្រធាននេះគឺលោកបានអោកាសទៅថតរូបញញឹមស្ញេញស្ញាញ ចាប់ដៃចាប់ជើងប្រធានាធិបតីអាមេរិកាំងបានពីរបីលើកផងដែរ។ ក្រៅពីនេះ លោកអង្គុយរង់ចាំឆ្នាំ២០២៣ យ៉ាងអន្ទះសារ។

អ៊ឹងប៊ុនអាង

២២ មិថុនា ២០២២

 

ផ្សេង-ផ្សេងសុំខ្មាស់ - ទំនួញនាងកង្រី

ឱ ម្ចាស់ស្នេហ៍កំពូលដួងចិត្តតែមួយ។ តើម្ចាស់បងរិទ្ធិសែនភ្លេចហើយរឺ យើងពីរនាក់មានរូបពីរមែន តែយើងអួតប្រាប់គេថាមានតែមួយយើងធ្លាប់ចាប់ដៃគ្នា លើកឡើង បញ្ចេញគ្លៀកដែលធំខ្លិនមិនសូវខ្លាំង អោយគេអែងស្ញប់ស្ញែងទទួលស្គាល់ស្នេហាយើង ដែលយើងអះអាងថាជាអមតៈ ដើម្បីសង្រ្គោះស្អីដែលយើងបំភ្លេចចោលបាត់ទៅហើយនោះ។

ឱ ម្ចាស់បងរិទ្ធិសែនអើយ ម្ចាស់ស្នេហ៍រត់ យក«រិទ្ធិ» ទៅបាត់ ចោលម្ចាស់អូនអោយនៅឯកកោ គ្មានដំណឹងរាប់ឆ្នាំ ទុកចោលត្រឹមតែ «សែន» អោយអូនជាអនុស្សារីយ៍។

យាងទៅចុះម្ចាស់បងរិទ្ធិ ហួសហើយជាតិនេះ ចាំជាតិក្រោយចុះ (ដូចពាក្យលោកស៊ីនសាមុត ដែលច្រៀងក្តែងៗ)។ យើងតោងសង្រ្គោះខ្លួនយើងអោយបានសិន… មុននឹងស្តារស្អីដែលម្ចាស់អូនរកនឹកមិនទាន់ឃើញ។ ប្រាប់ម្ចាស់អូនផង ពេលម្ចាស់បងរិទ្ធិភ្ញាក់ខ្លួន នឹកឃើញស្អីគេនោះ។


Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com

No comments:

Post a Comment